ជួយចែករំលែកផង! ប្រវត្តិនៃប្រាសាទបេងមាលា ដែលកូនខ្មែរភាគច្រើនមិនសូវធ្លាប់ដឹង!

​ Robot​​ | ថ្ងៃចន្ទ ទី២៦ ខែមីនា ឆ្នាំ២០១៨​ | ចំណេះដឹងតំបន់កំសាន្ដ | 0 | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០​

ប្រាសាទបេងមាលាបានកសាងឡើងនៅសតវត្សរ៍ទី១២ តាមរចនាប័ទ្មអង្គរវត្ត ដោយសង់លើផៃ្ទដីរាបស្មើទំហំ ១៤ហិកតា (១៨១ម៉ែត្រx១៥២ម៉ែត្រ) មានកំពែង ៣ជាន់ ដើម្បីឧទ្ទិសថ្វាយដល់ព្រះអាទិទេពក្នុងព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម។ ប្រាសាទនេះមានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសអាគ្នេយ៍នៃភ្នំគូលេន និងមានចម្ងាយ ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប។

ទាក់ទងនឹងឈ្មោះប្រាសាទនេះវិញ អ្នកខ្លះហៅថាប្រាសាទបឹងមាលា ឯខ្លះទៀតហៅថាប្រាសាទបេងមាលា។ ខាងអាជ្ញាធរជាតិអប្សរាក៏មិនមានភស្តុតាងណាមួយច្បាស់លាស់ ដើម្បីកំណត់ថាឈ្មោះប្រាសាទនេះថាអ្វីឱ្យប្រាកដនៅទ្បើយ ត្បិតឈ្មោះដែលហៅមកនេះ មិនមែនជាឈ្មោះដើមរបស់ប្រាសាទនេះទេ គឺគ្រាន់តែជាឈ្មោះដែលអ្នកស្រុកហៅតាមមាត់បន្តគ្នានាសម័យក្រោយៗមក ដោយគ្មានសំណេរកត់ត្រាជាភាសាជាតិថាដូចម្តេច។ អ្នកស្រាវជ្រាវជាតិបារាំង Louis Delaporte មកដល់ប្រាសាទនេះនៅឆ្នាំ១៨៨០ ក៏បានហៅប្រាសាទនេះថា «បឹងមាលា» ដោយមានពន្យល់ពាក្យហៅថា បឹងផ្កាឈូក។ ការពន្យល់នេះក៏ពិបាកយកជាការដែរ។ រីឯឈ្មោះ បេងមាលាវិញ ត្រូវបានលោក អ៊ឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបង្ហាញថា បើយើងអានកំណាព្យ «និរាសនគរវត្ត» របស់កវីមានងារជាឧកញ៉ាសុត្តន្តប្រីជា ឥន្ទ នៅដើមសតវត្សទី២០ លោកហៅឈ្មោះប្រាសាទនេះថា «បេងមាលា»។ ការហៅដូច្នេះអាចឲ្យយើងរកមូលហេតុមកពន្យល់បានខ្លះ។ កាលពីជិត ១០ឆ្នាំមុន មានវត្តបុរាណមួយសាងក្នុងបរិវេណប្រាសាទមានឈ្មោះពេញថា «វត្តព្រះកេតុមាលា»។ វត្តនេះបានរើចេញមកសាងជាថ្មីនៅខាងលិច ខាងក្រៅបរិវេណប្រាសាទវិញ។ អ្នកស្រុកហៅវត្តនោះខ្លីថា «វត្តមាលា»។ បើមើលតាមកំណត់ត្រារបស់អ្នកស្រាវជ្រាវបារាំងនៅដើមសតវត្សទី២០ វត្តនេះមានក្នុងបរិវេណប្រាសាទយូរហើយ។ បើមើលភស្តុតាងបុរាណវិទ្យាវិញ ក៏ឃើញមានខឿនឱបោសថាគារ និងសីមាភ្លោះ ដែលជាសំណង់ព្រះពុទ្ធសាសនានៅសម័យកណ្តាល។ ដោយមិនដឹងប្រាសាទមានឈ្មោះដើមថាអ្វីនោះ មនុស្សក៏មានទំនោរហៅប្រាសាទតាមឈ្មោះវត្តនេះថា «មាលា» តៗគ្នាមករៀងមក។ ករណីនេះមិនចម្លែកទេ ពីព្រោះយើងធ្លាប់ឮហៅឈ្មោះប្រាសាទតាមវត្តច្រើនមកហើយ ដូចជាប្រាសាទវត្តត្រាច ប្រាសាទធ្នង់ ប្រាសាទទេពប្រណម ប្រាសាទខ្នាត ។ល។ ដូច្នេះ «មាលា» មិនមានន័យទាក់ទងនឹង «ផ្កា» អ្វីទេ ប៉ុន្តែជាការទាក់ទងនឹងព្រះនាមរបស់ព្រះមហាក្សត្រមួយអង្គតាមលំនាំរឿងព្រេង «ព្រះកេតុមាលា» ដែលជារឿងដំណាលអំពីកំណើតនៃប្រាសាទនេះ។ ចំណែកពាក្យ«បេង» វិញ ត្រូវបានលោក អ៊ឹម សុខរិទ្ធី ពន្យល់បន្ថែមថា «មានផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីអង្គរមកកាន់តំបន់ខាងកើត ចេញអំពីខ្សែត្រង់នៃភ្នំបាខែង កាត់តាមប្រាសាទបាទជុំ ចៅស្រីវិបុល បន្ទាយអំពិល និងកាត់តាមខាងត្បូងប្រាសាទមាលានេះ រួចឆ្ពោះទៅប្រាសាទបាកាន ហៅព្រះខ័ននៅកំពង់ស្វាយ។ ផ្លូវនេះអ្នកស្រុកអង្គរ គីរីមានន្ទ វត្តត្រាច និងតំបន់ជុំវិញប្រាសាទនេះហៅឈ្មោះថា «ផ្លូវបេង»។ ហេតុដូច្នេះ វាទំនងថាការហៅឈ្មោះប្រាសាទភ្ជាប់ទៅនឹងផ្លូវ ដែលជាការចង់បង្ហាញថាប្រាសាទមាលា នៅតាមបណ្តោយផ្លូវបេងនោះឯង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យើងមានភស្តុតាងឈ្មោះជាភាសាជាតិ ដែលយ៉ាងហោចណាស់មានគេដឹងឮតាំងតែពីដើមសតវត្សទី២០មកម្ល៉េះ ដែលយើងគួរតែប្រកាន់យកតាមតទៅ។

ប្រាសាទបេងមាលា ស្ថាបនាឡើងអំពីថ្មភក់ និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលាជាគម្រូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។ ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង ១២០០ម៉ែត្រ ទទឹង ៩០០ម៉ែត្រ ដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្រវាល។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗដោយផ្អែកលើភស្តុតាងនៃការសិក្សាលើវិស័យបដិមាសាស្រ្តនៃប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ព្រមទាំងសំណង់ប្រាសាទនៅផ្នែកខាងកើត នាំឱ្យអ្នកស្រាវជ្រាវយល់ថា ប្រាសាទនេះទំនងជាស្ថាបនាក្រោយអង្គរវត្ត នាភាគខាងចុងនៃសតវត្សទី១២ ពោលគឺសាងទ្បើងនៅចន្លោះសម័យសាងប្រាសាទអង្គរវត្ត និងមុនសម័យសាងប្រាសាទបាយ័ន។

ប្រាសាទបេងមាលាមានហោត្រ័យចំនួន៤ ធំ២នៅខាងក្រៅ តូច២នៅខាងក្នុង ហើយមានផ្តែរចំនួន១៨០ ដែលលម្អដោយភ្ញីផ្កា និងរំលេចដោយតួអង្គមនុស្ស អាទិទេព រាហូ។ល។ ទាក់ទងនឹងរឿងទេវកថាជាច្រើនដូចជា កូរសមុទ្រទឹកដោះ រាមកេរ្តិ៍ មហាភារតជាដើម។ ប៉ុន្តែប្រាសាទនេះមិនមានសិលាចារឹកទេ។ នៅឆ្នាំ១៩៣៣ លោក ហ្ស៊ក សឺដេស បានស្រាវជ្រាវឃើញប្រអប់ថ្មរាងបួនជ្រុងទ្រវែង ស្ថិតក្បែរហោត្រ័យធំនាទិសឦសាន ហើយបានសន្និដ្ឋានថាជាមឈូសតម្កល់សព។ លុះឆ្នាំក្រោយៗមកទៀត លោកបណ្ឌិត មីសែលត្រាណេ ជនជាតិខ្មែរ បានសន្និដ្ឋានតពីលោក ហ្ស៊ក សឺដេស ថា មឈូសនោះជាកន្លែងតម្កល់សពរបស់ព្រះបាទសូរ្យវរ្ម័នទី២។ ចំណែកលោកសាស្ត្រាចារ្យ អាំង ជូលាន មានយោបល់មិនស្របនឹងលោកបណ្ឌិតទាំងពីរទេ។ បើតាមការសិក្សាកន្លងមក ប្រអប់ថ្មរបៀបនេះ គេប្រទះឃើញច្រើន ដែលទំនងជាមានការពាក់ព័ន្ធនឹងការតម្កល់សាកសពដែរ ប៉ុន្តែមិនច្បាស់ថាតម្កល់សាកសពបុគ្គលណាម្នាក់ទ្បើយ។ បន្ថែមពីនោះ នៅជុំវិញប្រាសាទបេងមាលាក៏មានប្រាសាទជាច្រើនដូចជា នៅខាងលិចមានប្រាសាទដូនចាន់ ប្រាសាទកោះចិន ហើយខាងកើតមានប្រាសាទគងភ្លុកនិងប្រាសាទជ្រៃ។ ចំណែកខាងកើតប្រាសាទធំមានសំណង់រក្សាទឹកធំមួយ មានគ្រឹះប្រាសាទនៅកណ្តាល ដែលអ្នកស្រុកហៅថា វាលនទីឬវាលមន្ទីរ ឬរហាល។

ប្រាសាទនេះបានទទួលរងនូវការខូចខាតជាច្រើនកន្លែង តែបច្ចុបន្នអាជ្ញាធរជាតិអប្សរា បានយកចិត្តទុកដាក់ធ្វើការអភិរក្សនិងរៀបចំឡើងវិញនូវគំនរថ្មឱ្យមានសណ្តាប់ធ្នាប់ រៀបចំផ្លូវដើរ និងសង់ស្ពានឈើ សម្រាប់ទេសចរងាយស្រួលក្នុងការទស្សនាទស្សនីយភាពផ្សេងៗនៃប្រាសាទទាំងមូល។ បច្ចុប្បន្នប្រាសាទបេងមាលា ក៏ទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកសិក្សានិងទស្សនាឈ្វេងយល់មានការកើនឡើងជាបន្តបន្ទាប់ បើទោះជាតំបន់នេះនៅឆ្ងាយពីតំបន់ឧទ្យានអង្គរដែលបេតិកភណ្ឌនៃពិភពលោកដ៏ល្បីល្បាញក៏ដោយ៕

ប្រភព៖ SPKT LIV

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម