គ្រូពេទ្យសម្រេចចិត្តវះកាត់យកទារកទម្ងន់៤០០ក្រាមចេញ តែដោយឃើញជើងរបស់ទារកក៏ស្រាប់តែ……….

​ Robot​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែកុម្ភៈ ឆ្នាំ២០១៨​ | ប្លែកៗ | 0 | ថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០​

គ្មាននរណាគិតថានាងនឹងរស់នោះទេ។ Manushi ជាក្មេងដែលកើតមកមានទម្ងន់តែ៤០០ក្រាមតែប៉ុណ្ណោះ ប៉ុន្តែនាងនៅតែអាចបន្តរស់រានមានជីវិតបាន ដែលរឿងរបស់នាងកំពុងធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង។

រឿងទាំងអស់ចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ នៅពេលដែលស្ត្រីអាយុ៤៨ឆ្នាំម្នាក់ឈ្មោះ Seeta មានទម្ងន់រយៈពេល២៨សប្តាហ៍ និងត្រូវបានបង្ខំឱ្យសម្រាលកូន។

ក្នុងកំឡុងពេលមានផ្ទៃពោះ សម្ពាធឈាមរបស់ Seeta ឡើងខ្ពស់ដែលជាសញ្ញាដ៏គួរឱ្យគ្រោះថ្នាក់។ នៅពេលដែលគក៌របស់នាងមានរយៈពេលបាន២៨សប្តាហ៍ ការពិនិត្យបានបង្ហាញឃើញនូវលទ្ធផលដែលគ្មាននរណាម្នាក់ចង់លឺនោះទេ ដោយឈាមរបស់នាងមិនអាចហូរទៅដល់សុក ដែលកត្តានេះអាចធ្វើឱ្យប៉ះពាល់ដល់ជីវិតបាន។ គ្រូពេទ្យក៏បានបង្ខំចិត្តធ្វើការវះកាត់ដ៏គ្រោះថ្នាក់មួយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧។

នៅពេលដែលក្មេងស្រីនោះកើតមក ជើងរបស់នាងមានទំហំប៉ុនម្រាមដៃរបស់ឪពុករបស់នាង លោក Giriraj តែប៉ុណ្ណោះ ដែលធ្វើឱ្យគ្រប៉គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ទារកដ៏តូចនោះមានទម្ងន់ត្រឹមតែ៤០០ក្រាម និងប្រវែង២១សង់ទីម៉ែត្រតែប៉ុណ្ណោះ ខណៈដែលជាទូទៅទារកដែលមានសុខភាពល្អគឺមានទម្ងន់២.៥គីឡូក្រាម និងមានប្រវែងជាមធ្យម៥០សង់ទីម៉ែត្រ។

Manushi មិនអាចដកដង្ហើមបាននោះទេ នៅពេលដែលនាងចាប់កំណើតមកពិភពលោកនេះ ដោយសារតែជាទូទៅសួតរបស់ទារកត្រូវការរយៈពេល៣៤សប្តាហ៍ទើបអាចលូតលាស់បានពេញលេញ ប៉ុន្តែគ្រួសាររបស់នាងមិនបានបោះបង់នាងនោះទេ។ ក្មេងស្រីដ៏តូចនោះត្រូវបានទទួលការមើលថែយ៉ាងយកចិត្តទុកដាក់ដោយប្រព័ន្ធជំនួយការដកដង្ហើម។ សេរីរាង្គរបស់នាងមិនទាន់លូតលាស់បានពេញលេញនោះទេ ហើយស្បែករបស់នាងទន់ដូចជាក្រដាសអញ្ចឹង។

លោកគ្រូពេទ្យ Sunil Janged ដែលជាប្រធាននៃនាយកដ្ឋានទារកនៅមន្ទីរពេទ្យដែលក្មេងស្រីនោះបានកើត បាននិយាយថា «នៅពេលដែលទារកនោះកើតមក យើងមិនច្បាស់ទេថាមានអ្វីបានកើតឡើង។ ការជួយសង្គ្រោះទារកដែលមានសភាពបែបនេះគឺជាការប្រឈមដ៏ខ្ពស់។» ហើយគាត់ក៏បានបន្ថែមទៀតថា «ក្រោយពីរយៈពេលប៉ុន្មានសប្តាហ៍ Manushi អាចទទួលទឹកដោះគោបាន និងចាប់ផ្តើមរៀនដកដង្ហើមដោយខ្លួនឯងបាន ហើយខួរក្បាល និងភ្នែករបស់នាងក៏បានចាប់ផ្តើមវិវត្តន៍ទៅរកភាពល្អប្រសើរដែរ។ ខណៈពេលដែលនាងនៅក្នុងមន្ទីរពេទ្យគឺនាងបានទទួលការចាក់បញ្ចូលឈាមច្រើនដងណាស់។»

លោកគ្រូពេទ្យក៏បានពន្យល់បន្តថា Manushi មិនមែនជាក្មេងស្រីធម្មតាម្នាក់នោះទេ ប៉ុន្តែនាងតំណាងឱ្យក្មេងស្រីនៅប្រទេសឥណ្ឌាទាំងមូល។

លោកគ្រូពេទ្យបានបន្ថែមថា «ពួកយើងសម្រេចចិត្តជួយសង្គ្រោះជីវិតក្មេងស្រីនេះដើម្បីបង្ហាញថា រាល់ស្ត្រីទាំងអស់ត្រូវបានការពារ»។ ដោយនៅក្នុងរដ្ឋ Rajathan ក្មេងស្រីដែលទើបនឹងកើតប្រឈមមុខខ្ពស់នឹងការសម្លាប់ដោយគ្រាន់តែកើតមកជាស្រី ហើយសកម្មភាពបែបនោះគួរតែត្រូវបានបញ្ចប់។

ករណីរបស់ Manushi ត្រូវបានផ្សព្វផ្សាយពាសពេញពិភពលោក ហើយការជួយសង្គ្រោះនាងគឺជាការជួយដោះស្រាយបញ្ហាស្ត្រីនៅក្នុងប្រទេសឥណ្ឌាដូចគ្នា។ ក្តីសង្ឃឹមរស់រានរបស់ Manushi មានកម្រិតតិចណាស់ ប៉ុន្តែនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ នាងអាចត្រលប់ទៅផ្ទះវិញបាន។ ឥលូវនាងមានអាយុ៧ខែ និងមានទម្ងន់២.៤គីឡូក្រាម នេះបើតាមការចុះផ្សាយរបស់ Hundutan Times។

ម្តាយរបស់នាងឈ្មោះថា Seeta មានអាយុ ៤៨ឆ្នាំ និងឪពុកឈ្មោះថា Giriraj មានអាយុ៥០ឆ្នាំ ពួកគេមកពីទីក្រុង Rajasthan ហើយបានរៀបការអស់រយៈពេល៣៣ឆ្នាំមកហើយ។ ពួកគេបាននិយាយថាកំណើតកូនស្រីរបស់ពួកគេគឺជារឿងអច្ឆរិយៈមួយ។

ម្តាយរបស់នាងបាននិយាយទាំងសប្បាយរីករាយថា «នាងបានខិតខំប្រឹងប្រែងជំនះការលំបាកទាំងអស់ដើម្បីរស់ ហើយនាងពិតជាធ្វើបានមែន»៕

រៀបរៀងដោយ៖ ចំរើន

ប្រភព៖ story.newsner

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម