ទិញ​រថយន្ត​ធូរ​ថ្លៃ​ច្នៃ​ស្រដៀង​កង់​បី​ ដឹក​ភ្ញៀវ​ទេសចរណ៍

​ ចៅដក​​ | ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០១៧​ | ធ្វើខ្លួនឯង | 0 | ថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២០​
ទិញ​រថយន្ត​ធូរ​ថ្លៃ​ច្នៃ​ស្រដៀង​កង់​បី​ ដឹក​ភ្ញៀវ​ទេសចរណ៍ ទិញ​រថយន្ត​ធូរ​ថ្លៃ​ច្នៃ​ស្រដៀង​កង់​បី​ ដឹក​ភ្ញៀវ​ទេសចរណ៍

រថយន្ត​ចាស់​ៗ​ធូរ​ថ្លៃ​ស៊េរី​ឆ្នាំ​៩០​ កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​សម្រាប់​បង​ប្អូន​អ្នក​រត់​កង់​បី​ នា​ពេល​បច្ចុប្បន្ន​នេះ​។ ដោយ​មើល​ឃើញ​ថា​ ការ​ប្ដូរ​ពី​ការ​រត់​ម៉ូតូ​កង់​បី​ មក​ជា​រថយន្ត​កែ​ច្នៃ​ស្រដៀង​កង់​បី​នេះ​ ចំនួន​ភ្ញៀវ​ ដែល​ជិះ​មាន​ការ​កើន​ឡើង​ខ្លាំង​ បើ​ធៀប​ទៅ​នឹង​ការ​រត់​ម៉ូតូ​កង់​បី​ ឬ​ម៉ូតូ​អូស​រ៉ឺម៉ក។

លោក​ពូ​ សួន​ ដួង​ អ្នក​បើក​រថយន្ត​កែ​ច្នៃ​ស្រដៀង​កង់​បី​នេះ​បាន​ប្រាប់​ Sabayថា​ បច្ចុប្បន្ន​នេះ​ចំនួន​អ្នក​បើក​រថយន្ត​នេះ មាន​ការ​កើន​ឡើង​ខ្លាំង​ ព្រោះ​ដោយសារ​តែ​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​ចិត្ត​អ្វី​ដែល​ប្លែកៗ។

បុរស​សម្បុរ​ស្រអែម​ខាង​លើ​លើក​ឡើង​ដូច្នេះ៖ “អា​នេះ​អត់​មាន​គម្រោង​ទេ​…បើ​និយាយ​ទៅ​​ពួក​ម៉ាក់​វា​នាំ​ទៅ​កំពង់​សោម​ ចង់​ឱ្យ​យើង​ទៅ​រក​ស៊ី​ហ្នឹង​! មួយ​វា​ យើង​ចេះ​តាម​គេ​ទៅ។ បើ​យើង​កាត់​ចឹង​ទៅ​ភ្ញៀវ​បរទេស​វា​ជិះ​ច្រើន​ មាន​ចិន​ មាន​អឺរ៉ុប​ មាន​អីចឹង​ជិះ​ច្រើន​។ ឡាន​វា​អត់​សូវ​មាន​ភ្ញៀវ​ជិះ​ច្រើន​ អា​នេះ​ (ឡាន​កាត់​) វា​មាន​ភ្ញៀវ​ជិះ​ច្រើន​ ភ្ញៀវ​ចូល​ចិត្ត​អា​រឿង​ប្លែកៗ។”

លោក​ពូ​បន្ត​ថា​ ប្រសិន​បើ​ធ្វើ​ការ​ប្រៀប​ធៀប​ចំណូល​រវាង​ការ​រត់​កង់បី​ និង​រត់​ឡាន​កាត់​នេះ​ ឃើញ​ថា​ ខុស​គ្នា​រហូត​ដល់​ទៅ​ ៥០​% ទៅ​៦០%​ ឯណោះ។ ម្យ៉ាង​វិញ​ទៀត​ ផ្លូវ​នៅ​កំពង់​សោម​ឡើង​ចុះ​ចំណោត​ខ្ពស់ៗ​ ដែល​កង់​បី​ពិបាក​រត់​ មាន​តែ​រថយន្ត​ទេ​ ជា​ជម្រើស​ល្អ។

ការ​កាត់​កែ​រថយន្ត​ស្រដៀង​កង់​បី​នេះ​អស់​ប្រហែល​ជា​ជាង​ ៣​ពាន់​ដុល្លារ​ ដោយ​ទិញ​រថយន្ត​តម្លៃ​ប្រហែល​ ១ ៧០០​ដុល្លារ​ និង​យក​ទៅ​កាត់​កែ​អស់​ប្រហែល ​១ ៥០០​ដុល្លារ​ទៀត។ ការ​កាត់​កែ​រថយន្ត​ធ្វើ​ស្រដៀង​កង់​បី​នេះ​ ភាគ​ច្រើន​មាន​នៅ​តែ​ក្រុង​ព្រះសីហនុ​តែ​ប៉ុណ្ណោះ​ ដោយ​នៅ​ទីនោះ​មាន​កន្លែង​កាត់​កែ​ជា​ច្រើន​កន្លែង​ និង​មាន​ជាង​ជំនាញ​ៗ​ខាង​កាត់​នេះ៕

បញ្ចេញមតិរបស់អ្នកក្នុងប្រអប់ខាងក្រោម